សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ អគ្គនាយិកាអង្គការយូណេស្កូ ក្រោយ «ប្រាសាទសំបូរព្រៃគុក»​ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិតផ្លូវការមួយ ដោយសូមថ្លែងអំណរគុណ ចំពោះអគ្គនាយិកាអង្គការយូណេស្កូ គឺលោកស្រី Irina BOKOVA បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» របស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង Cracovie នៃប្រទេសប៉ូឡូញ។ នេះបើតាមសារលិខិតថ្លែងអំណរគុណដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមឆ្លៀតយកឱកាសពោពេញដោយក្តីរីករាយនេះ ដើម្បីថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវ និងសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានខិតខំប្រឹងប្រែងក្នុងការទទួលស្គាល់តម្លៃសកលយ៉ាងវិសេសវិសាល នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានអនុម័តចុះបញ្ជីបេតិកភណ្ឌពិភពលោក»។